មនុស្ស​…

3 07 2008

ល្ងាច​មិញ​ចេញ​ទៅ​រៀននៅ​ NUM ម៉ោង​ប្រហែល​ ៥​ជាង ។ ទៅដ​ល់​ស្តុប​ពេទ្យ​ចិន​ភ្លើង​ក្រហម​ក៏​ឈប់​សិន​ទៅ ជាធម្មតា​ស្តុប​នេះ​ខ្ញុំ​ឃើញ​ក្មេងៗ​ ពីរ​បី​នាក់ទៅ​គោះ​កញ្ចក់​ឡាន​អ្នក​មាន​ ដើម្បី​សុំលុយ ។ ខ្ញុំ​មិន​ដឹង​ថា​ប៉ុន្មាន​ភាគ​រយ​ទេដែល​អោយ​លុយ​ក្មេង​នោះ តែ​ទើប​តែ​ល្ងាចមិញ​ខ្ញុំ​ឃើញ​ក្មេង​ម្នាក់ទៅ​គោះ​កញ្ចក់​ឡាន​ឆ្លាម​ពណ៌​ខ្មៅដើម្បី​សុំលុយ​ ខ្ញុំឃើញ​អ្នក​បើក​ឡាន​ទំលាក់កញ្ចក់​ខ្ញុំ​ស្មាន​តែ​ហុច​លុយ​អោយ ដឹង​អី​គាត់​យក​ដប​មួយ​ទំនង​ជា​ទុក​សំរាប់​បាញ់​អី​មិន​ដឹង​ទេ​លើក​ដាក់​ក្មេង​នោះ ហើយ​ក្មេង​នោះ​ក៏​រត់​ចេញ ចឹង​របស់​នោះពិតជា​មាន​គ្រោះ​ថ្នាក់​មិនខាន​ អាច​ត្រូវ​ភ្នែក​ហើយ​ផ្សា​ក៏​មិន​ដឹង ។ ខ្ញុំឃើញ​ហើយ​ហួស​ចិត្ត មនុស្ស​អី​ក៏​ចិត្ត​អាក្រក់​ម្លេះ​ចេះ​លើក​ដៃ​ធ្វើ​បាប​គ្នា​ទៅ​រួច​​ បើ​មិន​អោយ​ទេ​នៅ​អោយ​តែស្ងៀម​ទៅ ឬក៏​ខ្លាច​ប្រឡាក់ឡាន អ្នក​ក្រ​ក៏​ជា​មនុស្ស​ដែរ​តើ ។ ទោះ​បី​ពេល​ខ្លះ​ខ្ញុំ​មិន​អោយ​លុយទៅ​ក្មេង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ដាច់​ចិត្ត​វាយ​វា​ដែរ ។

ខ្ញុំ​ចាំ​បាន​ថា​​មាន​ពេល​មួយ​ខ្ញុំទៅ​អង្គុយ​នៅ​មុខ​រូបសំណាក​មិត្ត​ភាព​កម្ពុជា​វៀតណាម អង្គុយ​ញ៉ាំ​ទុរេន ហើយ​ក្មេង​ម្នាក់វា​មក​សុំ ដំបូង​ខ្ញុំ​សំលុត​វា​ថា​មិន​អោយ​ទេ តែដល់​ក្រោយ​មក​ស្រាប់​តែទន់ចិត្ត ព្រោះ​ថា​ប្រហែល​ជា​គ្នា​មិន​ដែល​បាន​ញ៉ាំ​ទេ​ព្រោះ​វា​មិន​សុខ​ចិត្ត​យក​លុយ​ទេ​បែរ​ជាសុំញ៉ាំ ចឹង​ខ្ញុំក៏​អោយ​វា​ទៅ​នឹក​ស្តាយ​ក្រោយ​មិន​គួរ​សំលុត​វា​នោះ​ទេ ។ សរសេរ​នេះ​ គ្រាន់​តែ​ឆ្ងល់​ម៉េចក៏​មនុស្ស​ដាច់ចិត្ត​ធ្វើ​បាប​មនុស្ស​ខ្លួន​ឯង​ចឹងណ៎ ។

P.S: ដូច​ជាមិនលឺ​គណបក្ស​នយោបាយ​ណា​យក​ចិត្ត​ទុក​ដាក់លើ​ក្មេង​តាម​ផ្លូវ​សោះ រក​បង្កើត​គណបក្ស​មួយសិន (j/k)​ អ្វី​ដែល​និយាយ​នេះ​គឺ​បំរើ​តែ​ទស្សនៈ​របស់​ខ្ញុំ​ប៉ុណ្ណោះ មិន​មែន​បំរើ​ទស្សនៈគណបក្សនយោបាយ​មួយ​ណា​នោះ​ទេ ។