ល្ងាចមិញចេញទៅរៀននៅ NUM ម៉ោងប្រហែល ៥ជាង ។ ទៅដល់ស្តុបពេទ្យចិនភ្លើងក្រហមក៏ឈប់សិនទៅ ជាធម្មតាស្តុបនេះខ្ញុំឃើញក្មេងៗ ពីរបីនាក់ទៅគោះកញ្ចក់ឡានអ្នកមាន ដើម្បីសុំលុយ ។ ខ្ញុំមិនដឹងថាប៉ុន្មានភាគរយទេដែលអោយលុយក្មេងនោះ តែទើបតែល្ងាចមិញខ្ញុំឃើញក្មេងម្នាក់ទៅគោះកញ្ចក់ឡានឆ្លាមពណ៌ខ្មៅដើម្បីសុំលុយ ខ្ញុំឃើញអ្នកបើកឡានទំលាក់កញ្ចក់ខ្ញុំស្មានតែហុចលុយអោយ ដឹងអីគាត់យកដបមួយទំនងជាទុកសំរាប់បាញ់អីមិនដឹងទេលើកដាក់ក្មេងនោះ ហើយក្មេងនោះក៏រត់ចេញ ចឹងរបស់នោះពិតជាមានគ្រោះថ្នាក់មិនខាន អាចត្រូវភ្នែកហើយផ្សាក៏មិនដឹង ។ ខ្ញុំឃើញហើយហួសចិត្ត មនុស្សអីក៏ចិត្តអាក្រក់ម្លេះចេះលើកដៃធ្វើបាបគ្នាទៅរួច បើមិនអោយទេនៅអោយតែស្ងៀមទៅ ឬក៏ខ្លាចប្រឡាក់ឡាន អ្នកក្រក៏ជាមនុស្សដែរតើ ។ ទោះបីពេលខ្លះខ្ញុំមិនអោយលុយទៅក្មេងក៏ដោយ ក៏ខ្ញុំមិនដាច់ចិត្តវាយវាដែរ ។
ខ្ញុំចាំបានថាមានពេលមួយខ្ញុំទៅអង្គុយនៅមុខរូបសំណាកមិត្តភាពកម្ពុជាវៀតណាម អង្គុយញ៉ាំទុរេន ហើយក្មេងម្នាក់វាមកសុំ ដំបូងខ្ញុំសំលុតវាថាមិនអោយទេ តែដល់ក្រោយមកស្រាប់តែទន់ចិត្ត ព្រោះថាប្រហែលជាគ្នាមិនដែលបានញ៉ាំទេព្រោះវាមិនសុខចិត្តយកលុយទេបែរជាសុំញ៉ាំ ចឹងខ្ញុំក៏អោយវាទៅនឹកស្តាយក្រោយមិនគួរសំលុតវានោះទេ ។ សរសេរនេះ គ្រាន់តែឆ្ងល់ម៉េចក៏មនុស្សដាច់ចិត្តធ្វើបាបមនុស្សខ្លួនឯងចឹងណ៎ ។
P.S: ដូចជាមិនលឺគណបក្សនយោបាយណាយកចិត្តទុកដាក់លើក្មេងតាមផ្លូវសោះ រកបង្កើតគណបក្សមួយសិន (j/k) អ្វីដែលនិយាយនេះគឺបំរើតែទស្សនៈរបស់ខ្ញុំប៉ុណ្ណោះ មិនមែនបំរើទស្សនៈគណបក្សនយោបាយមួយណានោះទេ ។






គេអ្នកមានគេមិនសូវខ្វល់នឹងអ្នកក្រអត់ឃ្លានទេ គេស្អប់អ្នកក្រណាស់ កុំទៅឆ្ងល់!
បញ្ហាសង្គមឈឺក្បាលណាស់! ចង់សួរថាសង្គមយើងសព្វថ្ងៃធ្លាក់ដល់ថ្នាក់នេះ “តើជាកំហុសអ្នកណា?????”
គ្រាន់តែមើលមួយជ្រុងតូចរបស់សង្គមខ្មែរ ឃើញថាខ្លោចផ្សាចិត្តខ្លាំងណាស់, អ្នកមានគឺបន្តមានឡើងកប់ពពក អ្នកក្រកាន់តែក្រក្រដល់ថ្នាក់,”គេ”ខំបិទបាំងថាស្រុកខ្មែរសុខសប្បាយណាស់, ជីវភាពប្រជាជនកាន់តែប្រសើរឡើងជាងលំដាប់…..(នៅមានច្រើនទៀត…)…. តែភាពពិតវាមិនមេនចឹងទេ! អ្នកមានគេមានព្រោះគេឆ្លាត, ចុះអ្នកក្រ ក្រដោយសារអ្នកនោះល្ងង់មែនទេ????កាលពីមុននៅជនបទ (ភាគច្រើនគេនិយាយថាអ្នកស្រែជាអ្នកក្រ) ទោះក្រយ៉ាងណាក៏នៅមានកេរអាករស្រែចម្ការ តែឥឡូវអ្នកក្រ ក្រទាំងខ្លួនអស់ទាំងដី នៅសល់តែផ្ទះ (ជួនកាលលក់ទាំងដីផ្ទះទៀត) ដោយសារតែឃើញ $$$$$ នៅហ្នឹងមុខ,តើពួកគាត់ជាមនុស្សល្ងង់មែនទេ???? ខ្ញុំជឿថាមិនមែនពួកគាត់ល្ងង់ទេ តែដោយសារពួកគាត់ទាស់មិនបានគិតវែងឆ្ងាយ, ក្រមកយូរហើយពេលឃើញ$$$នៅនឹងមុខហើយរឿងអីដែលពួកគាត់មិនរំភើប ទាំងគេទាំងខ្ញុំអ្នកណាមិនសប្បាយពេលមានលុយនៅក្នុងដៃ គាត់គិតថាដីទុកក៏គ្មានបានស៊ីដែរ(គរនិយាយស៊ីចឹង), លក់ចោលយកលុយមកចាយគ្រាន់បើជាង។(នេះរឿងអ្នកក្រ គឺក្រនៅសល់តែខ្លួនមែន)។
កាលពីម៉ានឆ្នាំមុនទៅលេងស្រុក ពេលចុះពីលើឡាន ភ្ញាក់ខ្លួនព្រឺតតាម៉ង ព្រោះឃើញក្មេងៗ សុំទានមកចោមរោមរកផ្លួវដើរគ្មាន… កាលនោះអ្នកមានលុយខ្មែរឲ្យទេព្រោះមិនទាន់ដូរលុយ, មាននំម៉ាស្បោងឲ្យក្មេងៗទាំងនោះអស់ទៅ។ មិត្តភ័ក្ត្រខ្ញុំបន្ទោសខ្ញុំថាទៅឲ្យ”ពួកវា”ធ្វើអី,កាលណាវាសុំបានលើកក្រោយវានៅតែសុំចឹង, វានិយាយក៏សមហេតុផលដែរ, តែបើមិនឲ្យពួកគេ ទុកឲ្យពួកគេស្រេកឃ្លានចឹងរហូតមែនទេ។
នៅស្រុកខ្មែរ”គេ”ឲ្យត្រី តែគេមិនបង្រៀនស្ទួចទេ, ពេលមាន”គេ”ឲ្យត្រីយកទៅហូបស្រាប់ៗអ្នកណាមិនសប្បាយចិត្ត! កំពុងតែឃ្លានយូរហើយមិនសោះអស់កម្លាំងទៅស្ទួចផង! ដឹងគុណ”គេ”មួយជិវិត។
……………………………………..
អូនឯងចង់បង្កើតគណមក្សជួយអ្នក”អត់ឃ្លាន”មែនរ៉េ!!!កិកិកិ បើបង្កើតមែនប្រហែលកុងជាមួយគណបក្សផ្សេងទៀតហើយ គួរតែបង្កើតគណបក្សជួដល់អ្នក “កំពុងឃ្លាន”វិញទៅ!!!កិកិកិ (:D)
សង្គមឥឡូវវាពិបាកនឹងយល់ណាស់។ នេះវាជាទំលាប់របស់អ្នកមាន ហើយវាសឹងតែក្លាយទៅជាប្រពៃណិយ៍របស់អ្នកមាទៅហើយ។ អ្នកមានបៀបអ្នកក្រដូចជាសត្វធាតុ គឺគេមិនដែលយល់ថាអ្នកក្រជាមនុស្សនោះទេ។ ប៉ុន្តែវាក៏មានមនុស្សមួយចំនួនបែរជាយកចំនុចនេះមកធ្វើជាអាជីវកម្មទៅវិញ។
ចង់យល់ហេតុអីបានជាគេធ្វើបែបនោះចំពោះក្មេងៗទាំងនោះ យើងចាំបាច់ត្រូវយល់ឲ្យបានច្បាស់នូវ “អ្វីដែលហៅថាមនុស្ស”? ក្នុងមនុស្សវាមានអាថ៌កំបាំងច្រើនណាស់។ ក្នុងមនុស្សល្អវាមានសារជាតិជាមនុស្សអាក្រក់ក្នុងនោះដែរ។ ហេតុនេះហើយបានជាមានពត៌មានមិត្តទ្រុសមិត្ត, ឪពុកធ្វើបាបកូនប្រពន្ឋ…..។
និយាយពីមនុស្សវាឈឺក្បាលណាស់៕
ឆ្ងល់ព្រោះពួកអ្នកមានអត់ចិត្ត មិនដឹងជារស់បានយ៉ាងម៉េច ។
យ៉ាប់
————-
ចុម បងណាងប្រហែលជាគុំយូរហើយមើលទៅ លើកប្រធានបទហ្នឹងភ្លាមដូចជាអោយបងបញ្ចេញកំហឹងចឹង ហាហា ។ បងគេកំពុងតែបំបាត់ភាពក្រីក្រហើយតើ គេកំពុងតែព្យាយាមបំបាត់ពួកគាត់ហើយ គេនឹងទុកនូវតែអ្នកមានៗនោះទេ តិចទៀតស្រុកយើងសម្បូរសប្បាយហើយ អស់ភាពក្រីក្រ គឺអ្នកក្រស្លាប់អស់ ។ ពេលខ្លះវាចឹងដែរ ក្មេងទាំងនោះត្រូវបានគេបង្ខំអោយចេញមករកលុយ បើយើងអោយទៅប្រាកដជាពួកតិរិច្ឆានទាំងអស់នោះវាបង្ខំក្មេងច្រើនទៀតអោយមករកលុយដែរហើយ យ៉ាប់ណាស់សង្គមយើង ។
——————
នឹងហើយមនុស្សឈឺក្បាលណាស់
ច៎ុះ អូនមានកំណត់លេខឡានហ្នឹងអត់? បើមានប្រាប់បង បងតាមទៅដល់ផ្ទះគំរាមកូនគេវិញម្តងមើល តើគេខ្លាចទេ?
ស្អប់រកលេខដាក់គ្មានពពួកមនុស្សមើលងាយមនុស្ស មិនមានចិត្តករុណា។ ពពួកមនុស្សបែបនេះវាគ្មានខួរ គ្មានចិត្ត គ្មានស្នេហា ហើយអ្វីដែលវាគិតថាសប្បាយនោះ វាមិនថិិតថេរទេ។ បងថា យូររឺឆាប់ កម្ននឹងតាមផ្តន្ទាឲ្យវាទទួលនូវអ្វី ដែលវាធ្វើទៅលើអ្នកដ៏ទៃ។ បងមិនដាក់ទំនាយទេ តែបងគិតថាមនុស្សដែលធ្វើអាក្រក់ គង់ទទួលភាពអាក្រក់។
បងពិតជាចង់ឲ្យមនុស្សបើកចិត្តឲ្យទូលាយ ឲ្យមើល ឲ្យយល់ចិត្ត និងយល់ពីភាពលំបាករបស់អ្នកដ៏ទៃ ចង់ឲ្យមនុស្សម្នាក់ៗគិត និងស្គាល់ថាអ្វីល្អ អ្វីអាក្រក បងគិតថាវាដូចជាមិនពិបាកសោះ តែហេតុអីក៏ជនអស់នោះធ្វើមិនបាន?
និយាយពីពពួកមនុស្សអស់នោះ បងក្តៅមែនទែន…
he is very stupid and he not human , human not do like him
បងស្អប់ពិតមែននូវរាល់អំពើបែបហ្នឹង, បងមិនបន្ទោសពួកគេទេ តែបងដាក់ទំងន់ទៅលើ leader . ពេលមើលស្រុកគេដែលគេទើបនឹងចាប់ផ្តើមអភិវឌ្ឍន៍ដំណាលយើងដែរ គេមិនដឹងទៅដល់ណាបាត់ហើយទេ………..(កុំមាត់ឮពេក ពាក្យចាស់លោកថា ជញ្ជាំងមានត្រចៀក)។
បងអ៊ើយពិបាកណាស់អារឿងនេះនោះ!
នៅស្រុកគេអ្នកមានក៏មានអ្នកសុំទាននឹងដែរ
តែទាស់ត្រង់នៅស្រុកគេ(កូរ៉េ) អ្នកសុំទានគេអត់ដើរទៅទាញដៃ
ទាញជើងទាញខោអាវគេដើម្បីសុំលុយហ្នឹងគឺអត់មានទេ (តាមខ្ញុំសង្គេត)នៅតាមខាងមុខភោជនីយដ្ឋាន មុខរ៉ារទេះភ្លើង
ចំណតឡានក្រុង គឺ អ្នកសុំទានគេអង្គុយរឺឈរនៅមួយកន្លែងគេដាក់ប្រដាប់ដាក់លុយគេពីមុខរឺកាន់ហើយបើមានអ្នកដំណើររឺអ្នក
មានចិត្តសប្បុរសចង់អោយក៏អោយទៅតាមចិត្តអាណិតមេត្តា
តែនៅ កម្ពុជាវិញបើធ្វើបែបនេះទាល់តែយូរ ទើបមានអ្នកអោយ…។
ចុះបងខ្នាងនៅវៀតណាម?
តែកាលដែលបង រាមាណាឃើញនោះវាពិតជាគួរអោយអាណិត
អ្នកសុំទាននោះណាស់ទោះបីជាទឹកនោះមិនមែនជាទឹកមានជាតិ
គីមីអីក៏ដោយទង្វើអមនុស្សធម៏បែបណុង ខ្ញុំមិនដែលឃើញសោះ
បើមិនអោយគ្រាន់តែប្រាប់ទៅវាយ៉ាងម៉េចណោះ?
Sometimes, I too, am scared of human - a kind of cruel creature…
ម៉េចក៏ចិត្តអាក្រក់ម៉្លេះណ៎?
បងស្រី ប្អូន៖រឿងនេះ ប្អូនបានជួបតាំងពីប្អូនបានចូលមករស់នៅ ភ្នំពេញ តំបូងមកម្ល៉េះ។
រឿងនេះ ប្អូនបាននិយាយម្តងហើយកាលពីមុន។
តែមានតែមនុស្សម្នាក់ទេដែលបានដឹងរឿងដែល
ប្អូនសរសេរនោះតែ ឥឡូវបំនាច់នឹងពួកបងៗនិយាយឡើងហើយប្អូនក៏ សូមបញ្ចេញ នូវអ្វី ដែលធ្វើអោយប្អូនខ្លោចផ្សាបន្តិចចុះ។
សូមអរគុណដល់ពួកបងៗដែលបងៗមានចិត្តស្រឡាញ់
និងស្អប់នូវអំពើអមនុស្សធម៌ របស់ពួកអ្នកមាន(មួយចំនួនធំ)ទាំងនេះ!
បងសំនាង៖ភឺហ្វិចណាស់បងរបស់ប្អូន!
កាលពី មុនពេលប្អូនទៅ ផ្សារថ្មី ប្អូនបានជួបនឹង
មនុស្សមួយចំនួនដែលភាគច្រើនសុទ្ធតែស្រីៗថែមទាំង
មានកូនតូចនៅ ដៃទៀតផង។
ពួកគាត់ថ្ងូរថាពួកគាត់អត់បានបាយហូបច្រើនថ្ងៃ មកហើយ។
មានម្នាក់ក្នុងចំនោមស្រីៗទាំងនោះ បានលេបថ្នាំសំលាប់
ខ្លួនដោយសារសេចក្តី ស្រេកឃ្លាននិងគ្មានការជួយទំនុក
បំរុងពី នាយករដ្ឋាភិបាល(ចិត្តខ្មៅ)។
ពេលប្អូនបានលឺ និងឃើញ ដូច្នោះ ប្អូនមិនអាចទប់ទឹក
ភ្នែកមិនអោយហូរមិនបានទេ។
ប្អូនអានិតពួកគាត់ទាំងនោះ ណាស់តែប្អូនមិនមានលុយអោយពួកគាត់ទេមានតែទឺកអំពៅ ដែលប្អូន
បានទិញ ពេលប្អូនស្រេកទឹកនៅ កាន់នឹងដៃតែប៉ុននោះ។
ប្អូនមានការឈឺ ចាប់ណាស់ដោយគ្មានអ្នកអង្គ ម្ចាស់
ណាម្នាក់មកយកចិត្តទុកដាក់ចំពោះ ពួកគាត់សោះ។
តើ នេះ រឺ ដែលថាស្រឡាញ់រាស្ត្រនោះ?
បញ្ជាក់មក៍មើល៍ ថានេះ ជាទង្វើដែលស្តែងចេញ ថាជាការស្រឡាញ់រាស្ត្ររបស់នាយករដ្ឋមន្ត្រីកម្ពុជារឺ?
រឿងមួយទៀតនៅ ពេលប្អូនចេញ ពី សាលារបស់ប្អូន
បានប្អូនឃើញមនុស្សប្រុសម្នាក់ព្រមទាំងកូនប្រុសម្នាក់បានដេកសុំទាននៅ ចំពីមុខក្លោងទ្វាសាលារបស់ប្អូន។ប្អូនមិនអស់ចិត្តសោះចំពោះមនុស្សម្នាក់ៗ។
បើមិនមានចិត្តអោយគាត់ទេសូមកុំដើររកបុកគាត់
ដូច្នោះ។
ពេលនោះ ខ្ញុំបានដើរទៅ ជិតគាត់ហើយបានអោយគាត់តាមដែលខ្ញុំមាន។
វាមិនច្រើនទេតែ វាជាសន្តានចិត្ត។
ម្នាក់ៗសូម្បី តែម៉ារយពីររយអោយគាត់មិនបានរឺ?
រឺក៏ អោយគាត់ប៉ុណ្ណឹងតើវាក្ររឺ?
អ្នកមានគឺ សំអាងលើអ្វី ដែលបានជាធ្វើបែបនេះ?
រឺសំអាងលើឋានះដែលបានមកនោះ រឺ?
គ្មានបានការទេអស់លោកអើយ!
សូមប្រាប់ចុះពួកអស់លោកឯងនេះថ្ងៃក្រោយគង់តែ
ជួបប្រទះដូចពួកគាត់វិញទេទើបអស់លោកឯងដឹងថាការសុំទានគេនិងជីវិតអ្នកក្រវាលំបាកប៉ុនណានោះ?
ដូចពាក្យគេថា«កុំសើចអោយគេប្រយ័ត្នពៀរឆ្លងម្តងម្នាក់!»
មានគេគង់តែមានយើងវិញ ទេ!
«អ្នកមានគេមានមកពី គេឆ្លាតមែន!»មែនអ្នកមានមក
ពី គេឆ្លាតតែ អស់លោកខ្លះឆ្លាតអស់កំរិតពេក!
ឯអ្នកក្រមិនមែនថាគេល្ងង់បានទេព្រោះ នរណាក៏ ដូចនរណាដែរអោយតែ ឃើញអុយអេសតែ ងតែ ចង់បានហើយ។
ដីស្រែបាត់បង់ដោយសារអុយអេស!
នេះជាសន្តានចិត្តអ្នកមាននៅ ស្រុកខ្មែរហើយនេះ ជាអ្វី ដែលរដ្ឋខ្មែរថាស្រឡាញ់រាស្ត្រនិងជួយរាស្ត្រនោះ។
តាមមើលទៅ ពួកអស់លោកគិតពី ប្រយោជន៍ខ្លួនឯងទៅ វិញទេ?
ថ្ងៃ នេះ សូមនិយាយច្រើនបន្តិចហើយបងព្រោះ និយាយម្តងហើយយំច្រើនដងហើយតែនៅ មិនទាន់អស់ចិត្ត។
ព្រោះ ចង់ស៊ីសាច់ពួកអស់លោកអ្នកមានចិត្តខ្មៅទាំងនោះ ណាស់ខ្ញុំ!
ចង់បន្ថយអារឿងចឹងៗ មិនមែនដោះស្រាយដោយការចែកអំនោយ ឬដាក់ទានឲ្យពួកគាត់នោះទេ,ការចែកអំនោយឬដាក់ទានគ្រាន់តែជាជួយឲ្យពួកគាត់បានរស់មួយគ្រាតែប៉ុណ្ណោះ, យើងគ្មានលទ្ខភាពដាក់ទានអោយពួកគាត់រហូតទេ។ វិធីដែលអាចជួយពួកគាត់បានគឺត្រូវបង្កើតការងារឲ្យពួកគាត់ធ្វើ,ត្រូវដឹងពីប្រភពពួកគាត់មកពីណា,ភាគច្រើនមកពីស្រែដោយសារតែនៅស្រែគ្មានការងារធ្វើ,គ្មានដីស្រែសម្រាប់ធ្វើ ចឹងហើយពួកគាត់សម្រុកចូលក្រុងដើម្បីរកការងារធ្វើ,តែការងារសម្រាប់ពួកគាត់មិនមានគ្រប់គ្រាន់នោះទេ,ណាមួយគេមិនទទួលមនុស្សដែលមិនប្រភពទៅធ្វើការនោះទេ, ចឹងហើយពួកគាត់គ្មានផ្លូវទៅណាទៀតទេមានតេសុំទាន។ តើនរណាជាអ្នកទទួលខុសត្រូវរកការងារឲ្យពួកគាត់?? តើនរណាដែលអាចបន្ថយនូវកំនើនពួកគាត់នៅទីក្រុង??
ហេហេហេនិយាយបានតែនិយាយទេ!គ្មាននរណាគេឈឺក្បាលនឹងរឿងនេះឡើយ, គេគិតតែអ្នកណាដែលផ្តល់ប្រយោជន៍ដល់ពួកគេទេ,សម្តីរបស់ខ្ញុំគឺជាសម្តីទូទៅមិនសំដៅលើអ្នកណាម្នាក់ទេ។
វណ្ណដាបានសួរខ្ញុំថានៅនេះ(VN)ស្ថានភាពអ្នកសុំទានយ៉ាងម៉េចដែរ???
បើតាមសម្តីរៀបរាប់របស់វណ្ណដាអំពីស្ថានភាពអ្នកសុំទាននៅកូរ៉េ,ខ្ញុំអាចប្រៀបធៀបបានថានៅយួនប្រហែលជាល្អជាងនៅកូរ៉េ ព្រោះមិនមានអ្នកសុំទានប៉ុន្មានទេ,តាមស្ថានីយ៍រថភ្លើង,ចំនតឡានមិនប្រទះឃើញអ្នកសុំទានប៉ុន្មានទេ(មានតិចណាស់),មានតែអ្នកលក់ដូរ(លក់របស់របរផ្សេងៗ) ព្រោះប្រហែលជារដ្ឋាភិបាលគេមានច្បាប់តឹងរឹងពិបញ្ហាសណ្តាប់ធ្នាប់សង្គម និង មានការងារសម្រាប់ពួកគាត់,ជាពិសេសការងារនៅតាមជនបទ,ព្រោះក្រុងគ្មានការងារគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ។
………………………….
ចង់ឲ្យមនុស្សចេះគោរពមនុស្សមិនមែនបញ្ហាលុយកាក់ទេ, តែសំខាន់គឺការអប់រំសីលធម៌មនុស្ស,សីលធម៌មនុស្សមិនមែនមួយឆ្នាំ,២ឆ្នាំឬ១០ឆ្នាំអាចធ្វើបានទេ ទំរាំតែអានប្តូរលីធម៌មនុស្សបានរាប់ជំនាន់មនុស្សឯណោះ,ទាក់ទងទៅនឹងទស្សនៈ និង ការទុកចិត្តរបស់មនុស្ស។ ខ្ញុំគិតថានៅស្រុកខ្មែរយើងទំនុកចិត្តកាន់តែបាត់បង់ទៅហើយ។
សង្ឍឹមថាជំនាន់យើងក្មេងៗនេះនឹងភ្ញាក់រឮកជួយលើកនូវសីលធម៌របស់ខ្មែរយើងឡើងវិញ។
(sorry, so long comment)….
អូហ៍!បងសំនាងបងនិយាយអី ក៏ វែងម្ល៉េះបង?
អានទំរាំតែ ចប់សឹងថាងងុយ គេងទៅ ហើយ!
ត្រឹមត្រូវណាស់បង។
ស្រុកខ្មែរគឺអញ្ចឹង!!!!!!!!
សីលធម៌គុណធម៌ទឹកចិត្តគឺ វាសំខាន់ណាស់ចំពោះ
ការរស់នៅ សព្វថ្ងៃយើងនេះ។។
អានដាច់ហើយ ប្អូនមិនបាច់ approve my previous comment ទេណា។ សុទ្ថតែអ្នកមានចិត្ត បងសប្បាយចិត្តជាងមុនដែលមានក្មេងៗជំនាន់ប្អូនៗ ចេះគិត ចេះយល់ដឹងអំពីទុក្ខធុរះរបស់អ្នកក្រខ្សត់។ សង្ឃឹមថាមនុស្សចិត្តល្អ នឹងមានច្រើនជាងពពួកចិត្តអាក្រក់ លោភលន់ ជិះជាន ់យកមាន រស់លើគំនរទុក្ខអ្នកដ៏ទៃ។
នៅស្រុកបងក៏មានអ្នកសុំទានដែរ កាលប៉ុន្មានឆ្នាំមុន មានមួយចំំនួនតូចបានដើរសុំតាមផ្សារ តែបងមិនឲ្យពួកហ្នឹងទេ ព្រោះបងដឹងថាពួកហ្នឹងយកលុយទៅទិញអាភៀនជក់។ ឯមួយចំំនួនផ្សេងទៀត ពួកគេដាក់មួក ដាក់ស្បោងសុំតាមរ៉ាអាទេះភ្លើង រឺតាមផ្លូវក្នុងទីក្រុង តែភាគច្រើនពួកគេមិនសុំទទេៗទេ គឺគេមានលេងភ្លេង គូររូបឲ្យយើងមើលជាដើម។ បើប្រទះបងឲ្យទៅគេ តែមិនឲ្យច្រើនទេ ព្រោះយល់ថាគេបានទទួលឧបត្ថមពីរដ្ឋត បើគេចេះប្រើប្រាស់ប្រាក់ឲ្យសម្យរម ពួកគេមិនចាំបាច់មកសុំលុយអ្នកដ៏ទៃចាយឡើយ។ ពួកគេមានមួយចំនួនធំគឺល្មោភល្បែង ល្មោភគ្រឿងញៀន តែក៏មានមួយចំនួន ដែលខ្វះខាតពិតៗ រឺដែលត្រូវមានអ្នកបង្ខំឲ្យមកសុំទាន រឺជាមនុស្សក្មេងដែលគិតតិចមិនបានជ្រើសរើសផ្លូវផ្សេងដើរ។។
ពួកអ្នកសុំទាននៅស្រុកនេះ យ៉ាងណាក៏គ្រាន់បើជាងអ្នកសុំទាននៅស្រុកខ្មែរយើងដែរ។ មិនមានអ្នកស្តីបន្ទោស មើលងាយអីទេ គេដាក់មួកសុំ បើអ្នកឯងចង់ឲ្យក៏ឲ្យទៅ បើមិនឲ្យក៏ដើរហួសទៅ។
និយាយពីសិលធ៌ម នៅស្រុកយើងយ៉ាប់ទាល់តែមែនទែនហើយ។ មិននិយាយអ្នកលក់ដូររឺអ្នកដើរផ្សារក៏បានតែអ្នកខ្លះធ្វើការនៅកន្លែងធំៗដែរ តែមិនចេះទទួលរាក់ទាក់ភ្ញៀវសោះ។ បើគេសំរាច់ចិត្តទទួល គឺគេទទួលតែជនណាដែលស្លៀកពាក់ហ៊ឺហាសាច់ស អ្នកសំបុរខ្មៅៗ ស្រអែមៗបែបមកពីស្រែអីគេមិនចោលភ្នែកមើលទេ ឲ្យតំលៃទៅលើសម្ផស្សខាងក្រៅខ្លាំងណាស់។ ពាក្យថាសុំទោស ពាក្យថាអរគុណ គ្រាន់ប៉ុណ្ណឹងអ្នកខ្លះក៏មិនអាចនិយាយចេញមកដែរ។
សុំទោសបើបងសរសេរច្រើនជ្រុល
បងនិយាយត្រូវ,មិនច្រើនបង, ខ្ញុំដឹងថាងបនិយាយប៉ុណ្ណឹងក៏មិនទាន់នូវអ្វីដែលបងចង់និយាយដែរមែនទេ??? ការគិតរបស់ខ្មែរយើយឡូវខុសពីមុន ឡូវពួកគាត់មិនដែលខ្វល់ពីរឿងអ្នកណាយ៉ាងម៉េចៗទេ ពួកគាត់គិតថាមានឱកាសត្រូវស្រវាយកឲ្យបាន, ក្បាលនរណាសក់អ្នកហ្នឹង, ធ្វើបុណ្យជាមួយមនុស្សក្បាលខ្មៅមិនដែលបានបុណ្យមកវិញឡើយ, ចូលធ្វើការនៅក្រសួងរដ្ឋ គេមិនដែលសួរគ្នាថាការងារហ្នឹងធ្វើទៅវាជួយឲ្យរីកចំរើនយ៉ាងណាទេ គេសួរគ្នាតែរឿងកន្លែងហ្នឹងជាកន្លែងខ្លាញ់ឬក៏អត់?រកបានឬក៏អត់……………….នេះជាអ្វីដែលខ្ញុំបានជួបនិងបានឮ។
បងនិយាយត្រូវពួកអ្នកសុំទានមានអ្នកយកទិញថ្នាំ,ទិញគ្រឿងញៀន ជារឿងពិតណាស់ យើងក៏ដឹង តែបើដឹងហើយត្រូវធ្វើយ៉ាងម៉េចចំពោះពួកគេ, ចង់ចាប់ពួកគេយកទៅដាក់គុកដាក់ច្រវ៉ាក់ឬសម្លាប់ពួកគេក៏គ្មានអ្វីខ្វល់ដែរ តែគេរបស់របរចាស់ខូចគេអាចបោះចោលតែមនុស្សខូចគេមិនដែលបោះចើលទេ។ តើអ្នកណាជាអ្នកចេញមុខដោះស្រាយរឿងនេះ????
អរគុណបងប្អូនដែលបានបញ្ចេញយោបល់ពីរឿងនេះ,រឿងនេះជារឿងឈឺចាប់ដែលខ្ញុំចង់បញ្ចេញមតិមកយូរហើយ។(និយាយដុចខ្លួនឯងម្ចាស់ប្លក់……….កិកិកិ)
ហាហា បងសំណាងនិយាយត្រូវ ធ្វើឬកដូចម្ចាស់ប្លក់ឯម្ចាស់ពិតវិញសម្ងំឈឹង ។ អរគុណគ្រប់គ្នាដែលមានមនុស្សធម៌នឹងមិនមើលងាយមនុស្សដូចគ្នា ។ បងសំណាង បងសួស្តី បងកុំភ័យបញ្ចេញមកវែងប៉ុណ្ណាក៏អាចមើលបានដែរ ម្ចាស់ប្លក់គេអត់ថាអីទេ ។ អរគុណ ស្រីភាដែលបាននិយាយពីស្ថានភាពដែលធ្លាប់ជួបប្រទៈ ។ អរគុណ បងច័ន្ទ រជ្ជនី និងបងឆដា ។ អរគុណ វណ្ណដាដែលនិយាយពីស្ថានភាពនៅ កូរ៉េ ។ មានអារម្មណ៍ថាតិចទៀតប្រទេសយើងនឹងរីកចំរើនជាមិនខានព្រោះថា អ្នកមានហើយចិត្តអាក្រក់តិចទៀតនឹងស្លាប់អស់ហើយ នៅសល់តែពួកអ្នកចិត្តល្អដូចយើងនោះទេ ហាហា ។
វាម្យ៉ាងដែរ មិនដឹងធ្វើមិច បើសង្គមវាអីចឹងគំលាតអ្នកមាននឹងអ្នកក្រ
ខុសគ្នា មេឃនឹងដី នៅស្រុកជឿនលឿនគេខ្លាចបំផុតអានឹងវាបង្ករអោយមានការ ចលាចល សំលាប់ប្លន់រវាង អ្នកអត់ស៊ីនឹងអ្នកមានស៊ី មនុស្សយើងតែមានលុយហើយច្រើនផ្តាស ឯអ្នកក្រហើយវាទាល់ទៀត ស្អីក៏ធ្វើដែរ អោយតែបានក្រពះរស់។
PS: ពិនអ្នកមានឡានស្អាតៗបើឈប់ស្តប់ឃើញ ប្អូនៗសុំទានម៉ោជិតហើយបើមិនអស់ស្តុប, ផ្លាក …ពួកគាត់រហ័សដៃណាស់ ហេហេ